ខ្លឹមសារទាក់ទងនឹងរូបមន្ត
គំរូម៉ូលេគុល ADN
លោកស្រីហ្វ្រង់គ្លីន និងសហការី នៅឆ្នាំ 1950 បានធ្វើពិសោធន៏បង្ហាញពី ADN។ គាត់បានសន្និដ្ឋានថា ADN មានទម្រង់ជាខ្សែខ្ចៅពីរ។
តាមលោក វ៉ាត់សុន និងគ្រីក ម៉ូលេគុលADNជាប៉ូលីមែនៃនុយក្លេអូទីត។ វាកើតឡើងពីច្រវាក់នុយ ក្លេអូទីតពីរខ្សែស្របគ្នា ហើយរុំជារង្វេលជុំវិញអក្សមួយដែលមានអង្កត់ផ្ចិត 2nm។ ក្នុងច្រវាក់ម្ខាងៗ នុយក្លេអូ ទីតភ្ជាប់គ្នាដោយសម្ព័ន្ធកូវ៉ាឡង់ឬសម្ព័ន្ធគីមីរឹងមាំរវាងអាស៊ីតផូស្វរិចនៃនុយក្លេអូទីតមួយទៅនឹងស្ករដេអុកស៊ីរីបូសនៃនុយក្លេអូទីតមួយទៀតដែលនៅជាប់គ្នា។ ច្រវវាក់ទាំងពីររបស់ម៉ូលេគុល ADNភ្ជាប់គ្នាទៅវិញទៅមកដោយសារសម្ព័ន្ធអ៊ីដ្រូសែនខ្សោយ រវាងបាស A និង T និងរវាងបាស C និង G ។ បាស A និង Tជាបាសបំពេញគ្នាហើយ ភ្ជាប់ដោយសម្ព័ន្ធអ៊ីដ្រូសែន 2 ។ បាស C និង Gជាបាសបំពេញគ្នាហើយភ្ជាប់ដោយសម្ព័ន្ធអ៊ីដ្រូសែន 3 ។ ម៉ូលេគុល ADN រុំជារង្វេល។ ប្រវែងមួយជំហានឬមួយរង្វេលស្មើនឹង3.4nm។ មួយរង្វេលមាន 10 គូ បាសបំពេញគ្នា។
ចលនការស្វ័យដំឡើងទ្វេ ADNប្រព្រឹត្តទៅដូចខាងក្រោម :
- ដំបូងច្រវាក់ទាំងពីររបស់ADN ចាប់ផ្តើមរលា។
- ច្រវាក់ទាំងពីររបស់ADN មេត្រូវបែកចេញពីគ្នាដោយសារការផ្តាច់សម្ព័ន្ធអ៊ីដ្រូសែនខ្សោយដែលភ្ជាប់បាសទាំងពីរ ។ ការផ្តាច់នេះ កើតឡើងព្រមគ្នានៅចំណុចជាច្រើនលើADN។
- នុយក្លេអូទីតសេរីដែលនៅក្នុងណ្វៃយ៉ូរត់ទៅភ្ជាប់ជាមួយនឹងនុយក្លេអូទីតនៃច្រវាក់នីមួយៗនៃម៉ូលេគុល ADNមេតាមគោលការណ៏បំពេញបាស A-T; C-G ។ ADN ប៉ូលីមេរ៉ាសគឺជាអង់ស៊ីមយថាប្រភេទដែលអាចផ្តាច់សម្ព័ន្ធអ៊ីដ្រូសែន ធ្វើឲ្យច្រវាក់ទាំងពីររបស់ ADNបែកចេញពីគ្នា ហើយនឹងភ្ជាប់នុយក្លេអូទីតសេរីទៅនឹងនុយក្លេអូទីតនីមួយៗរបស់ច្រវាក់នីមួយៗរបស់ម៉ូលេគុល ADN។
រូបផ្គុំARN នាំសារ (ARNm)
ម៉ូលេគុល ADN មិនត្រូវបានប្រើជាពុម្ពផ្ទាល់សម្រាប់សំយោគប្រូតេអ៊ីនទេ។ ព័ត៌មានសេនេទិចត្រូវបានចម្លងដោយម៉ូលេគុលមួយទៀតគឺ ARNm។
អាស៊ីតនុយក្លេអ៊ិចមានពីរប្រភេទគឺADN និងARN។
ARN ជាអាស៊ីតរីបូនុយក្លេអ៊ិចដែលមានធាតុបង្កស្រដៀង ADN ដែរ តែមានលក្ខណៈខុសគ្នាមួយចំនួន។ ស្កររបស់ ARN គឺស្កររីបូស( C5H10O5) បាសរបស់ ARN មានអ៊ុយរ៉ាស៊ីល(U)ជំនួសបាសទីមីន(T) របស់ ADN។ ដូចនេះនុយក្លេអូទីតរបស់ARN មានបួនប្រភេទដែលខុសគ្នាដោយបាសអាសូតគឺ A U C G។ ម៉ូលេគុលARN កើតពីច្រវាក់នុយក្លេអូទីតទោល។ ប្រវែងម៉ូលេគុលARN ខ្លីជាងម៉ូលេគុល ADN យ៉ាងខ្លាំង ហើយម៉ាសរបស់វាក៏តូច ជាងម៉ាសម៉ូលេគុល ADN រាប់ម៉ឺនដង។
យោងទៅតាមមុខងារ គេចែក ARN ជាបីប្រភេទគឺ ARN នាំសារ (ARNm) ARN ដឹកនាំ(ARNt) និង ARN រីបូសូម(ARNr)។ ម៉ូលេគុលARN ទាំងបីប្រភេទនេះត្រូវបានបង្កើតដោយ ADN។
ចលនការចម្លងក្រម
ARNm ជាច្រវាក់ទោលដែលកើតឡើងពីច្រវាក់នុយក្លេអូទីតម្ខាងរបស់ ADN។
វាមាននាទីចម្លងព័ត៌មានសេនេទិចពីអង្កត់មួយរបស់ ADN ឬសែន។ សែនមួយផ្ទុកព័ត៌មានមួយដែលត្រូវសំយោគចេញជាម៉ូលេគុល ARNmមួយ។ ការសំយោគនេះប្រព្រឹត្តទៅនៅក្នុងណ្វៃយ៉ូនៃកោសិកាដោយមានអន្តរាគមន៏ពីអង់ស៊ីមសាំញ៉ាំមួយប្រភេទឈ្មោះ ARN ប៉ូលីមេរ៉ាស។ ARN ប៉ូលីមេរ៉ាសមាននាទីដូចជា :
- ទទួលស្គាល់សញ្ញាសេនេទិចនៅលើ ADN ដែលអាចឲ្យចាប់ផ្តើម និងបញ្ចប់ការសំយោគម៉ូលេគុល ARNm ត្រង់កន្លែងជាក់លាក់ ។
- បើកម៉ូលេគុល ADN ដោយផ្តាច់សម្ព័ន្ធអ៊ីដ្រូសែនខ្សោយដែលភ្ជាប់ច្រវាក់ទាំងពីរ
- ធ្វើឲ្យមានប៉ូលីមែកម្មនៃនុយក្លេអូទីត(ឬការសំយោគ ARNm) ដូចនេះ ម៉ូលេគុល ARNmចម្លងតំណលំដាប់នុយក្លេអូទីតនៃច្រវាក់ម្ខាងរបស់សែនឲ្យទៅជាតំណលំដាប់នុយក្លេអូទីតរបស់ ARNm ។
ចលនការបកប្រែក្រម
ការសំយោគច្រវាក់ប៉ូលីប៉ិបទីតប្រព្រឹត្តក្នុងស៊ីតូប្លាសលើរីបូសូម។ វាជាចលនការទី 2 បន្ទាប់ចលនការចម្លងក្រមនៃការសំដែងនៃសែន។ ចលនការបកប្រែក្រម ឬសំយោគប៉ូលីប៉ិបទីត មាន បី ដំណាក់កាលគឺ ដំណាក់ដំបូង ដំណាក់លូតវែង និងដំណាក់បញ្ចប់។
ក.ដំណាក់ដំបូង : ដំណាក់នេះចាប់ផ្តើមដោយការភ្ជាប់ឯកតារងទាំងពីរនៃរីបូសូមទៅនឹងកូដុងពិសេស មួយហៅថាកូដុងផ្តើម (AUG) នៅលើម៉ូលេគុល ARNm។ បន្ទាប់មក ARNt ដែលមានអង់ទីកូដុង (UAC) ដឹកនាំអាស៊ីតអាមីនេមេត្យូនីនភ្ជាប់នឹងកូដុង AUG។ តម្រូវកូដុង និងអង់ទីកូដុងប្រព្រឹត្តទៅនៅប្រហោងទី1នៃរីបូសូមគឺកន្លែង P (សម្រាប់ប៉ូលីប៉ិបទីត)។
ខ. ដំណាក់លូតវែង : ដំណាក់នេះមានការបកប្រែកូដុង និងការភ្ជាប់អាស៊ីតអាមីនេកើតមានជាបន្តបន្ទាប់ ដែលមានព្រឹត្តិការណ៏ប្រព្រឹត្តទៅយ៉ាងទៀងទាត់ដូចតទៅ:
- ARNt ថ្មីមួយទៀតភ្ជាប់អង់ទីកូដុងរបស់វាទៅនឹងកូដុងទី 2 នៃ ARNm។ ARNt នេះដឹកនាំអាស៊ីតអាមីនេទី 2 ។ តម្រូវកូដុង និងអង់ទីកូដុងប្រព្រឹត្តទៅនៅក្នុងប្រហោងទី 2 នៃរីបូសូមគឺកន្លែង A (សម្រាប់អាស៊ីតអាមីនេ)។ បន្ទាប់ពីបានទទួលកន្លែងត្រឹមត្រូវរបស់ខ្លួនហើយ អាស៊ីតអាមីនេក៏ផ្តាច់ខ្លួនពីARNtហើយក៏ភ្ជាប់ជាមួយអាស៊ីតអាមីនេមេត្យូនីន។
- ចំណងប៉ិបទីតទី 1 រវាងអាស៊ីតអាមីនេពីរជាប់គ្នាកកើតឡើងដោយសារអង់ស៊ីមដែលបញ្ចេញដោយរីបូសូម។
- រីបូសូមផ្លាស់ទីលើ ARNm ពីកូដុងមួយទៅកូដុងមួយទៀតដែលធ្វើឲ្យកន្លែង A ទំនេរ។ ARNt ទី 3 ដែលដឹកនាំអាស៊ីតអាមីនេថ្មីមួយទៀតភ្ជាប់ជាមួយកូដុងបន្ទាប់របស់ ARNm នៅត្រង់កន្លែង A។
គ. ដំណាក់បញ្ចប់ : កាលណារីបូសូមផ្លាស់ទីដល់កូដុងស្តុប UAA ឬUAG ឬ UGA សារធាតុចម្រុះទាំងអស់មាន ARNt ARNm រីបូសូម និងច្រវាក់ប៉ូលីប៉ិបទីតត្រូវបំបែកចេញពីគ្នា ព្រោះកូដុងស្តុបមិនតម្រូវនឹងអាស៊ីតអាមីនេណាមួយឡើយ។ កូដុងស្តុបជាត្រីធាតុសម្រាប់បញ្ឈប់ដំណើរសំយោគប្រូតេអ៊ីន។ ដូចនេះការសំយោគប្រូតេអ៊ីនត្រូវបានបញ្ចប់។ ពេលនោះមេត្យូនីនក៏ត្រូវផ្តាច់ចេញពីច្រវាក់ប៉ូលីប៉ិបទីតដែរ។
របៀប Download
--->ចំពោះ អ្នកប្រើ Iphone កុំទាន់ចុចលើ link ខាងលើ ត្រូវមើលផ្នែកខាងក្រោមខាងស្ដាំ ចុចហើយបើកជាមួយ Safari រួចចុចលើ link Download ខាងលើ រងចាំ 5 វិនាទី រួចចុច Skip AD វានឹងលោតផ្ទាំងពាណិជ្ជកម្ម ចុចត្រឡប់មកវិញ ចុច Skip AD ម្ដងទៀតឃើញឯកសាហើយ។
--->ចំអ្នកប្រើ Android ចុចលើ Link ខាងលើរងចាំបន្តិច ហើយចុចលើ Skip AD ជាការស្រេច។
No comments:
Post a Comment